នូវែលហ្សេឡង់ ដែលល្បីរួចមកហើយដោយសារទេសភាពធម្មជាតិដ៏អស្ចារ្យ កំពុងក្លាយជាគោលដៅពេញនិយមសម្រាប់និស្សិតអន្តរជាតិដែលកំពុងស្វែងរកការអប់រំឧត្តមសិក្សាកម្រិតពិភពលោក វប្បធម៌រស់រវើក និងបរិយាកាសរួមបញ្ចូលគ្នា ព្រមទាំងឱកាសសម្រាប់ការបង្កើតបណ្តាញទំនាក់ទំនង។ នេះហើយជាមូលហេតុដែលនិស្សិតជាច្រើនជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្រនៅ Aotearoa។

ប្រទេសនេះមានកោះសំខាន់ពីរ គឺ កោះខាងជើង និងកោះខាងត្បូង។ ប្រជាជនជាង 90 ភាគរយនៃនូវែលហ្សេឡង់រស់នៅលើកោះខាងជើង ដែលជាទីតាំងនៃរដ្ឋធានី Wellington ផងដែរ។

ក្នុងនាមជាប្រទេសដែលគ្មានព្រំដែនជាប់គោក និងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នូវែលហ្សេឡង់មានទេសភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ទេសភាពដែលមានភ្នំខ្ពស់ៗ ទន្លេវែងអន្លាយ វាលទំនាបធំទូលាយ ឆ្នេរសមុទ្រស្រស់ស្អាត និងដីកសិកម្មដ៏ធំល្វឹងល្វើយ ធ្វើឱ្យទីនេះក្លាយជាបរិបទដ៏ល្អឥតខ្ចោះសម្រាប់សកម្មភាពកម្សាន្ត។

ទិដ្ឋភាពទូទៅ

នូវែលហ្សេឡង់គឺជាគោលដៅសិក្សាដ៏ល្អសម្រាប់និស្សិតអន្តរជាតិ ដោយផ្តល់ជូនសាកលវិទ្យាល័យកម្រិតពិភពលោក និងគុណភាពជីវិតខ្ពស់។ ការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះការអប់រំដ៏ល្អឥតខ្ចោះ និងវប្បធម៌ស្វាគមន៍របស់ខ្លួន ធ្វើឱ្យការសិក្សានៅនូវែលហ្សេឡង់ក្លាយជាបទពិសោធន៍ដ៏មានតម្លៃយ៉ាងពិតប្រាកដ។

  • 17% (29,300) នៃនិស្សិតសាកលវិទ្យាល័យ គឺជានិស្សិតអន្តរជាតិ

  • សាកលវិទ្យាល័យនូវែលហ្សេឡង់ជាប់ក្នុងចំណាត់ថ្នាក់កំពូល 100 របស់ពិភពលោកក្នុង 31 មុខវិជ្ជា ក្នុងចំណោមមុខវិជ្ជាសរុប 54

  • និស្សិតបញ្ចប់ការសិក្សានៅនូវែលហ្សេឡង់ មានអត្រាបញ្ចប់ការសិក្សា និងអត្រាការងារល្អបំផុត

  • ការបង្រៀន និងការសិក្សាមានស្តង់ដារខ្ពស់ ដោយសារប្រព័ន្ធធានាគុណភាពរឹងមាំ របស់នូវែលហ្សេឡង់

  • សាកលវិទ្យាល័យទាំងអស់នៅនូវែលហ្សេឡង់ ស្ថិតក្នុងចំណាត់ថ្នាក់កំពូល 2% នៃ QS World Rankings

ហេតុអ្វីត្រូវសិក្សាបរិញ្ញាបត្រនៅនូវែលហ្សេឡង់

ការសិក្សាបរិញ្ញាបត្រនៅនូវែលហ្សេឡង់ ផ្តល់មូលដ្ឋានដ៏រឹងមាំសម្រាប់អាជីពនាពេលអនាគត និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក។ នៅមិនទាន់ជឿទេមែនទេ? តោះស្វែងយល់បន្ថែមអំពីមូលហេតុដែលនូវែលហ្សេឡង់គឺជាជម្រើសកំពូលសម្រាប់ការសិក្សាបរិញ្ញាបត្ររបស់អ្នក៖

ការអប់រំមានគុណភាពខ្ពស់

ដូចដែលបានរៀបរាប់ខាងលើ ប្រទេសនេះត្រូវបានទទួលស្គាល់ជាសកលសម្រាប់ស្តង់ដារសិក្សាខ្ពស់របស់ខ្លួន។ ប្រព័ន្ធអប់រំនូវែលហ្សេឡង់ដំណើរការក្រោមប្រព័ន្ធធានាគុណភាពដែលគ្រប់គ្រងnនៅកណ្តាល។

បុគ្គលដែលសិក្សានៅនូវែលហ្សេឡង់ នឹងត្រូវបានដាក់ឱ្យរៀនតែក្នុងស្ថាប័នដែលគ្រប់គ្រងដោយ New Zealand Qualifications Authority (NZQA) ប៉ុណ្ណោះ ព្រោះមានតែស្ថាប័នដែលអនុម័តដោយ NZQA ប៉ុណ្ណោះដែលអាចចុះឈ្មោះនិស្សិតអន្តរជាតិជាផ្លូវការបាន។ នេះធានាបាននូវការអនុលោមពេញលេញតាមស្តង់ដារគុណវុឌ្ឍិ ដែលធ្វើឱ្យសញ្ញាបត្របរិញ្ញាបត្រដែលអ្នកទទួលបាន ត្រូវបានទទួលស្គាល់ជាសកលលោក។

បរិយាកាសមានសុវត្ថិភាព និងភាពស្វាគមន៍

ប្រជាជននូវែលហ្សេឡង់ត្រូវបានគេស្គាល់ថាជាមនុស្សសាមញ្ញ និងរួសរាយរាក់ទាក់បំផុត។ កត្តានេះ រួមជាមួយសហគមន៍និស្សិតចម្រុះ ជួយឱ្យនិស្សិតកម្ពុជាមានអារម្មណ៍ថាត្រូវទទួលបានការស្វាគមន៍ ហើយក៏ផ្តល់ឱកាសសម្រាប់ការរៀនសូត្រ និងពង្រីកទស្សនៈខ្ញួនផងដែរ។

លើសពីនេះ នូវែលហ្សេឡង់ត្រូវបានចាត់ថ្នាក់ជាប្រទេសសន្តិភាពបំផុតលំដាប់ទី 4 នៅលើពិភពលោក យោងតាម Global Peace Index 2024 ដែលផ្តល់ភាពស្ងប់ចិត្តយ៉ាងខ្លាំង ខណៈពេលអ្នកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសការងារ និងឱកាសបន្ទាប់ពីបញ្ចប់ការសិក្សា

រដ្ឋាភិបាលនូវែលហ្សេឡង់ផ្តល់ផ្លូវជាច្រើនសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្មីៗ ដើម្បីរស់នៅ និងធ្វើការនៅក្នុងប្រទេសនេះ។ អាស្រ័យលើវិស័យសិក្សា អ្នកអាចមានឱកាសស្នាក់នៅ និងធ្វើការនៅនូវែលហ្សេឡង់រហូតដល់ 4 ឆ្នាំនៅដំណាក់កាលដំបូង។

ផ្លូវបន្ទាប់ពីបញ្ចប់ការសិក្សារបស់អ្នកមានពីរជំហាន៖ វីសាការងារបន្ទាប់ពីសិក្សា ដែលផ្តល់ឱ្យអ្នករហូតដល់ 12 ខែដើម្បីស្វែងរកការងារដែលពាក់ព័ន្ធនឹងវិស័យសិក្សារបស់អ្នក ឬវីសាការងារដែលមាននិយោជកជួយគាំទ្រ ដែលអនុញ្ញាតឱ្យអ្នកស្នាក់នៅនូវែលហ្សេឡង់រយៈពេល 2 ឬ 3 ឆ្នាំ ដើម្បីទទួលបានបទពិសោធន៍ការងារពាក់ព័ន្ធទៅនឹងការងារជាក់លាក់ជាមួយនិយោជកជាក់លាក់ណាមួយ។

បន្ថែមពីនេះ នូវែលហ្សេឡង់ត្រូវបានចាត់ថ្នាក់លេខ 1 នៅលើពិភពលោកសម្រាប់តុល្យភាពការងារ និងជីវិត យោងតាម Global Life-Work Balance Index (2023), Remote។ ដូច្នេះ ប្រសិនបើអ្នកអាចស្វែងរកការងារនៅទីនោះបាន អ្នកអាចមានភាពជឿជាក់ថា អ្នកនឹងរីករាយជាមួយគុណភាពជីវិតខ្ពស់ និងបទពិសោធន៍ការងារល្អ។

ទេសភាពធម្មជាតិដ៏ស្រស់ស្អាត

ចុងក្រោយនេះ សម្រស់ធម្មជាតិដ៏ពិសេសគ្មានអ្វីប្រៀបបានរបស់នូវែលហ្សេឡង់ — ចាប់ពីជ្រលងសមុទ្រដ៏អស្ចារ្យរហូតដល់ខ្ពង់រាបភ្នំភ្លើង — ផ្តល់ឱកាសគ្មានទីបញ្ចប់សម្រាប់ការផ្សងព្រេង និងការស្វែងយល់ក្រៅថ្នាក់រៀន។ ចំនុចនេះល្អបំផុតសម្រាប់និស្សិតអន្តរជាតិ ព្រោះវាផ្តល់បរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់តុល្យភាពរវាងជីវិតសិក្សាដ៏តឹងរឹង និងរបៀបរស់នៅមានសុខភាពល្អ សកម្ម និងជួយបន្ធូរអារម្មណ៍ ធ្វើឱ្យការសិក្សានៅនូវែលហ្សេឡង់ក្លាយជាបទពិសោធន៍ពេញលេញមួយ។

សាកលវិទ្យាល័យល្អបំផុតនៅនូវែលហ្សេឡង់សម្រាប់ថ្នាក់បរិញ្ញាបត្រ

ដូចដែលបានរៀបរាប់ខាងលើ ស្តង់ដារសិក្សាខ្ពស់របស់នូវែលហ្សេឡង់ មានន័យថាសាកលវិទ្យាល័យទាំងអស់របស់ខ្លួនស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក។ ខាងក្រោមនេះគឺជាព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យកំពូលនៅនូវែលហ្សេឡង់ ដែលអ្នកអាចសិក្សាថ្នាក់បរិញ្ញាបត្របាន៖

University of Auckland (QS 2026 #65)

University of Auckland គឺជាសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅនូវែលហ្សេឡង់ ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ឧត្តមភាពក្នុងការស្រាវជ្រាវ និងការបង្រៀន។ មានទីតាំងនៅទីក្រុងធំបំផុតរបស់ប្រទេស វាផ្តល់ជូនកម្មវិធីបរិញ្ញាបត្រជាច្រើន ហើយល្បីជាពិសេសសម្រាប់នវានុវត្តន៍ក្នុងវិស័យសុខភាព ពាណិជ្ជកម្ម និងវិស្វកម្ម។

University of Otago (QS 2026 #197)

University of Otago ល្បីល្បាញថាជាសាកលវិទ្យាល័យចំណាស់បំផុតនៅនូវែលហ្សេឡង់ និងមានបរិវេណសាកលវិទ្យាល័យដ៏ស្រស់ស្អាតនៅ Dunedin។ ត្រូវបានគេស្គាល់ជាពិសេសសម្រាប់ភាពខ្លាំងក្នុងផ្នែកស្រាវជ្រាវជាប្រវត្តិសាស្ត្រ ជាពិសេសក្នុង Health Sciences, Law និង Humanities ហើយផ្តល់ជីវិតនិស្សិតបែបសាកលវិទ្យាល័យដ៏ពិសេស។

Massey University (QS 2026 #230)

Massey University គឺជាស្ថាប័នជាតិពិតប្រាកដមួយ ដែលមានទីតាំង 3កន្លែង និងកម្មវិធីសិក្សាពីចម្ងាយដ៏រឹងមាំ។ ត្រូវបានគេស្គាល់ជាពិសេសសម្រាប់កម្មវិធីនៅក្នុងវិស័យ Agriculture, Food Technology, Aviation និង Veterinary Science ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាអ្នកដឹកនាំក្នុងការអប់រំជាក់ស្តែង និងផ្តោតលើឧស្សាហកម្ម។

Victoria University of Wellington (QS 2026 #240)

មានទីតាំងនៅរដ្ឋធានីនូវែលហ្សេឡង់ Victoria University of Wellington ត្រូវបានគេស្គាល់សម្រាប់ការភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំជាមួយរដ្ឋាភិបាល និងឧស្សាហកម្ម។ ត្រូវបានគេស្គាល់ជាពិសេសសម្រាប់ការស្រាវជ្រាវមានឥទ្ធិពលខ្ពស់ក្នុងវិស័យ Law, Humanities និង Computer Science ដោយផ្តល់បទពិសោធន៍ជីវិតទីក្រុងដ៏សកម្មមួយ។

University of Canterbury (QS 2026 #261)

មានទីតាំងនៅ Christchurch, University of Canterbury មានប្រវត្តិយូរអង្វែងនៃឧត្តមភាពសិក្សា និងត្រូវបានគេស្គាល់សម្រាប់កម្មវិធីបរិញ្ញាបត្រកម្រិតពិភពលោកក្នុងវិស័យ Engineering និង Science។ ត្រូវបានគេស្គាល់ជាពិសេសសម្រាប់នវានុវត្តន៍ក្នុងវិស័យវិស្វកម្មប្រកបដោយចីរភាព ព្រៃឈើ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។

តំបន់ពេញនិយមសម្រាប់និស្សិតនៅនូវែលហ្សេឡង់

សាកលវិទ្យាល័យភាគច្រើននៅនូវែលហ្សេឡង់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលទីក្រុងធំៗ និងរស់រវើកបំផុតរបស់ប្រទេស ដោយផ្តល់ឱ្យនិស្សិតអន្តរជាតិនូវការរួមបញ្ចូលដ៏អស្ចារ្យរវាងជីវិតទីក្រុង និងសម្រស់ធម្មជាតិ។

  • Auckland: ការសិក្សានៅ Auckland មានភាពសកម្ម និងភាពលឿនជាងមុនជាទូទៅ ព្រោះវាជាទីក្រុងធំបំផុត និងចម្រុះបំផុតមួយនៅនូវែលហ្សេឡង់។

  • Wellington: អ្នកនឹងរកឃើញបរិយាកាសដែលជំរុញគំនិតនៅពេលសិក្សានៅ Wellington ដោយសារសិល្បៈច្នៃប្រឌិត វប្បធម៌រស់រវើក និងសារៈសំខាន់ផ្នែកនយោបាយរបស់វា។

  • Christchurch: ជីវិតនិស្សិតនៅ Christchurch ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តសកម្មភាពខាងក្រៅ និងចូលចិត្តដើរលេងតំបន់ភ្នំ និងតំបន់ឆ្នេរបានយ៉ាងងាយស្រួល។

  • Dunedin: មនុស្សជាច្រើនចូលចិត្តរស់នៅ Dunedin ក្នុងនាមជានិស្សិត ព្រោះវាជាទីក្រុងប្រវត្តិសាស្ត្រដ៏មានមន្តស្នេហ៍ ដែលផ្តល់អារម្មណ៍ដូចទីក្រុងសាកលវិទ្យាល័យបែបបុរាណ។

  • Hamilton: អ្នកអាចពិចារណាសិក្សានៅ Hamilton សម្រាប់ការអប់រំផ្តោតលើអាជីពការងារ ដែលផ្តោតលើវិស័យកសិកម្ម និងបច្ចេកវិទ្យា។

លក្ខខណ្ឌចូលរៀន និងតម្រូវការចូលរៀន

ការស្វែងយល់អំពីដំណើរការសិក្សាបរិញ្ញាបត្រនៅនូវែលហ្សេឡង់ អាចមើលទៅស្មុគស្មាញ ប៉ុន្តែការយល់ដឹងអំពីសមាសធាតុសំខាន់ៗទាំងនេះ អាចជួយធ្វើឱ្យដំណើរនេះកាន់តែងាយស្រួល៖

លក្ខខណ្ឌភាសា

ដើម្បីបង្ហាញថាអ្នកអាចជោគជ័យក្នុងបរិយាកាសសិក្សាដែលប្រើភាសាអង់គ្លេស អ្នកត្រូវដាក់ស្នើពិន្ទុពីតេស្តដែលបានអនុម័ត៖

  • IELTS

  • TOEFL iBT

  • Pearson PTE Academic

  • Cambridge English (CAE or CPE)

សូមចំណាំថា សាកលវិទ្យាល័យនីមួយៗមានតម្រូវការពិន្ទុអប្បបរមាភាសាអង់គ្លេសខុសៗគ្នាសម្រាប់កម្មវិធីរបស់ពួកគេ ហើយខ្លះនឹងត្រូវការពិន្ទុខ្ពស់ជាងសម្រាប់កម្មវិធីប្រកួតប្រជែង ឬកម្មវិធីជាក់លាក់ដូចជា Medicine, Law ឬ Nursing។ សូមពិនិត្យតម្រូវការភាសាអង់គ្លេសជាក់លាក់នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ។

ប្រសិនបើអ្នកត្រូវការបញ្ជាក់សមត្ថភាពភាសាអង់គ្លេស សូមពិចារណាកក់ការប្រឡង IELTS ជាមួយ IDP។ ជាមួយកាលបរិច្ឆេទប្រឡងជាច្រើន និងមណ្ឌលប្រឡងទំនើបរបស់យើង អ្នកអាចឈានជំហានដំបូងទៅរកការសិក្សាថ្នាក់បរិញ្ញាបត្រនៅនូវែលហ្សេឡង់ដោយមានទំនុកចិត្ត។

ឯកសារសំខាន់សម្រាប់ការដាក់ពាក្យ

ឯកសារពិតប្រាកដអាចខុសគ្នា ប៉ុន្តែឯកសារទូទៅដែលត្រូវការសម្រាប់ការដាក់ពាក្យរបស់អ្នក រួមមាន៖

  • ពាក្យស្នើសុំដែលបានបំពេញរួច

  • លិខិតបញ្ជាក់លទ្ធផលសិក្សា (ច្បាប់ចម្លងដែលបានបញ្ជាក់ត្រឹមត្រូវនៃកំណត់ត្រាសាលាមធ្យមសិក្សា)

  • ភស្តុតាងសមត្ថភាពភាសាអង់គ្លេស (ឧ. ពិន្ទុ IELTS)

  • ច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នក

  • Statement of purpose ឬអត្ថបទផ្ទាល់ខ្លួន (កម្មវិធីខ្លះអាចត្រូវការ)

ដូចជាតម្រូវការភាសាអង់គ្លេសដែរ កម្មវិធីសិក្សាជាក់លាក់ខ្លះអាចត្រូវការឯកសារបន្ថែមដូចជា portfolio ឬលិខិតយោងជាក់លាក់ ដូច្នេះសូមពិនិត្យជាមួយសាកលវិទ្យាល័យ ឬអ្នកសម្របសម្រួលកម្មវិធីសិក្សាដែលអ្នកបានជ្រើសរើស។

ការណែនាំដាក់ពាក្យជាជំហានៗ

កម្មវិធីដាក់ពាក្យទៅសាកលវិទ្យាល័យភាគច្រើននៅនូវែលហ្សេឡង់ ជាទូទៅបើកនៅប្រហែលខែមិថុនា/កក្កដា សម្រាប់វគ្គចូលរៀនសំខាន់។ ជំហានស្នូលសម្រាប់ការសិក្សាបរិញ្ញាបត្រនៅនូវែលហ្សេឡង់ ជាទូទៅរួមមាន៖

  • ការស្រាវជ្រាវរកសាកលវិទ្យាល័យ និងកម្មវិធីសិក្សា

  • ពិនិត្យលក្ខខណ្ឌចូលរៀន និងលក្ខខណ្ឌភាសា

  • ប្រមូលឯកសារចាំបាច់ទាំងអស់

  • ដាក់ពាក្យតាមអនឡាញ

  • រង់ចាំការផ្តល់ជូនមានលក្ខខណ្ឌ ឬគ្មានលក្ខខណ្ឌ

  • ទទួលយកការផ្តល់ជូន និងបង់ប្រាក់កក់ (ប្រសិនបើត្រូវការ)

  • ដាក់ពាក្យសុំវីសានិស្សិត

តម្លៃសិក្សា និងជម្រើសថវិកា

ជាទូទៅ តម្លៃសិក្សាថ្នាក់បរិញ្ញាបត្រនៅនូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិ មានភាពសមរម្យជាងបើប្រៀបធៀបនឹងប្រទេសធំៗផ្សេងទៀតដែលប្រើប្រាស់ភាសាអង់គ្លេស។

តម្លៃសិក្សាជាមធ្យមប្រចាំឆ្នាំ

តម្លៃធម្មតាសម្រាប់ថ្នាក់បរិញ្ញាបត្រ គឺ NZ$28,000 ដល់ NZ$45,000 ក្នុងមួយឆ្នាំ អាស្រ័យលើសាកលវិទ្យាល័យ និងកម្មវិធីសិក្សា។ វាសំខាន់សម្រាប់និស្សិតអន្តរជាតិក្នុងការពិចារណាតម្លៃរស់នៅក្នុងទីក្រុងនានានៃនូវែលហ្សេឡង់ផងដែរ។

អាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុ

ដើម្បីជួយដល់តម្លៃសិក្សា មានអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុជាច្រើននៅនូវែលហ្សេឡង់សម្រាប់កម្មវិធីបរិញ្ញាបត្រ។ នេះរួមមានអាហារូបករណ៍ដូចជា៖

  • អាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ (ឧ. New Zealand Scholarships)

  • អាហារូបករណ៍សមត្ថភាពសិក្សាជាក់លាក់របស់សាកលវិទ្យាល័យ

  • អាហារូបករណ៍ជាក់លាក់តាមកម្មវិធីសិក្សា (ឧ. STEM, Business)

  • ថវិកាពីខាងក្រៅពីប្រទេសកំណើតរបស់អ្នក

សម្រាប់ជម្រើសអាហារូបករណ៍បន្ថែមទៀត យើងបានផ្តល់មគ្គុទេសក៍ពេញលេញអំពីអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុសម្រាប់អ្នក។ អ្នកក៏អាចស្វែងរកឱកាសផ្សេងៗតាមរយៈគេហទំព័ររដ្ឋាភិបាល គេហទំព័រសាកលវិទ្យាល័យ និងប្រភពខាងក្រៅ ដូចជាការទាក់ទងអ្នកប្រឹក្សាផ្នែកអប់រំដូចជា IDP។

វីសានិស្សិតសម្រាប់នូវែលហ្សេឡង់

ប្រសិនបើអ្នកចង់សិក្សាថ្នាក់បរិញ្ញាបត្រនៅនូវែលហ្សេឡង់លើសពីបីខែក្នុងនាមជានិស្សិតអន្តរជាតិ អ្នកនឹងត្រូវការលិខិតផ្តល់ជូនកន្លែងសិក្សាពីស្ថាប័នអប់រំក្នុងស្រុក ដើម្បីដាក់ពាក្យសុំវីសានិស្សិតនូវែលហ្សេឡង់។ វីសាដែលនិស្សិតអន្តរជាតិភាគច្រើនទំនងជានឹងដាក់ពាក្យ គឺ Fee Paying Student Visa។

របៀបទទួលបានវីសានិស្សិតនៅនូវែលហ្សេឡង់

ដំណើរការសម្រាប់ទទួលបាន Fee Paying Student Visa របស់អ្នក ជាទូទៅរួមមានជំហានដូចខាងក្រោម៖

  1. មានកន្លែងសិក្សាក្នុងកម្មវិធីមួយ: ទទួលបាន Offer of Place ពីស្ថាប័នអប់រំដែលបានអនុម័ត។

  2. ផ្តល់ព័ត៌មានអំពីកម្មវិធីសិក្សា: ដាក់បញ្ជូលលម្អិតអំពីកម្មវិធីសិក្សាដែលអ្នកត្រូវបានទទួល ឬមានសេចក្តីប្រកាសដែលបានចុះហត្ថលេខាពីស្ថាប័នអប់រំដែលបានអនុម័ត (Confirmation of Enrollment - CoE)។

  3. ប្រមូលឯកសាររបស់អ្នក:

    • ភស្តុតាងនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ (សម្រាប់គ្របដណ្តប់តម្លៃសិក្សា និងតម្លៃរស់នៅ)

    • ភស្តុតាងថាអ្នកអាចចាកចេញពីនូវែលហ្សេឡង់បាន (ឧ. សំបុត្រត្រឡប់មកវិញ ឬភស្តុតាងថាមានថវិកាគ្រប់គ្រាន់ដើម្បីទិញសំបុត្រមួយ)

    • ភស្តុតាងនៃការថែទាំសមស្រប (ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ)

    • លិខិតបញ្ជាក់ពីប៉ូលិស (ប្រសិនបើត្រូវការ អាស្រ័យលើសញ្ជាតិ/ទីលំនៅ)

    • លិខិតបញ្ជាក់សុខភាព (ប្រសិនបើត្រូវការ)

    • ភស្តុតាងអត្តសញ្ញាណ សញ្ជាតិ និងអាយុ (ឧ. លិខិតឆ្លងដែន)

    • ភស្តុតាងថាអ្នកមាន Overseas Student Health Cover (OSHC)

  4. ដាក់ពាក្យ និងបង់ថ្លៃ: ដាក់ពាក្យតាមអនឡាញតាមគេហទំព័រ Immigration New Zealand ដាក់បញ្ជូលឯកសារដែលត្រូវការទាំងអស់ និងបង់ថ្លៃដែលអនុវត្ត។

  5. រង់ចាំការសម្រេចចិត្ត: រយៈពេលដំណើរការអាចខុសគ្នា អាស្រ័យលើប្រទេសដែលអ្នកកំពុងដាក់ពាក្យ។

អ្វីដែលអ្នកអាចធ្វើបានជាមួយវីសានិស្សិត

ជាមួយ Fee Paying Student Visa អ្នកអាច៖

  • សិក្សាពេញម៉ោងនៅនូវែលហ្សេឡង់រហូតដល់ 4 ឆ្នាំ

  • ធ្វើការក្រៅម៉ោងរហូតដល់ 20 ម៉ោងក្នុងមួយសប្តាហ៍ ខណៈពេលកំពុងសិក្សា

  • ធ្វើការពេញម៉ោងក្នុងអំឡុងពេលវិស្សមកាល អាស្រ័យលើលក្ខខណ្ឌវីសារបស់អ្នក

  • ធ្វើដំណើរចូល និងចេញពីនូវែលហ្សេឡង់បានរហូតដល់វីសារបស់អ្នកផុតកំណត់

មានវីសានិស្សិតប្រភេទផ្សេងទៀតដែរ ប៉ុន្តែប្រសិនបើអ្នកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅនូវែលហ្សេឡង់ Fee Paying Student Visa គឺជាប្រភេទដែលអ្នកទំនងជាត្រូវការបំផុតដើម្បីចូលប្រទេសនូវែលហ្សេឡង់។ អ្នកអាចស្វែងយល់បន្ថែមអំពីប្រភេទវីសានិស្សិតផ្សេងទៀត ដំណើរការដាក់ពាក្យ និងលក្ខខណ្ឌផ្សេងៗនៅលើគេហទំព័រ Immigration New Zealand។

ការងារបន្ទាប់ពីបញ្ចប់ការសិក្សា និងផ្លូវអន្តោប្រវេសន៍

អត្ថប្រយោជន៍សំខាន់មួយនៃការសិក្សានៅនូវែលហ្សេឡង់ គឺមានផ្លូវច្បាស់លាស់ទៅរកការធ្វើការ និងអាចរស់នៅទីនោះជាអចិន្ត្រៃយ៍បាន។

ប្រសិនបើអ្នកចង់ធ្វើការនៅនូវែលហ្សេឡង់ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា អ្នកអាចដាក់ពាក្យសុំ Post-Study Work Visa (PSWV)។ វីសានេះអនុញ្ញាតឱ្យអ្នកស្នាក់នៅ និងធ្វើការនៅនូវែលហ្សេឡង់រហូតដល់ 3 ឆ្នាំ អាស្រ័យលើកម្រិតសិក្សារបស់អ្នក។

ប្រសិនបើអ្នកមានសញ្ញាបត្រកម្រិត Level 7 (គុណវុឌ្ឍិថ្នាក់បរិញ្ញាបត្រ ដែលភាគច្រើនជាបរិញ្ញាបត្រ) ឬខ្ពស់ជាងនេះ អ្នកអាចធ្វើការឱ្យនិយោជកណាក៏បាន ក្នុងការងារប្រភេទណាក៏បាន។ លើសពីនេះ PSWV ក៏អាចនាំទៅរក resident visa នៅពេលក្រោយ ប្រសិនបើបានបំពេញលក្ខខណ្ឌផ្សេងៗ។

សំណួរដែលគេសួរញឹកញាប់អំពីការសិក្សានៅនូវែលហ្សេឡង់

សញ្ញាបត្របរិញ្ញាបត្រពីនូវែលហ្សេឡង់ត្រូវបានទទួលស្គាល់យ៉ាងដូចម្តេច?

សញ្ញាបត្របរិញ្ញាបត្រពីនូវែលហ្សេឡង់ ត្រូវបានទទួលស្គាល់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ សាកលវិទ្យាល័យទាំងអស់នៅនូវែលហ្សេឡង់ ស្ថិតក្នុងចំណាត់ថ្នាក់កំពូល 2% របស់ពិភពលោកដោយ QS ហើយប្រព័ន្ធធានាគុណភាពដែលគ្រប់គ្រងកណ្តាលរបស់ប្រទេសនេះ ធានាថាសញ្ញាបត្រទាំងនេះបំពេញតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។

តើតម្លៃសិក្សានៅនូវែលហ្សេឡង់ប៉ុន្មាន?

ជួរតម្លៃសិក្សាប្រចាំឆ្នាំធម្មតាសម្រាប់ថ្នាក់បរិញ្ញាបត្រនៅនូវែលហ្សេឡង់ គឺ NZ$28,000 ដល់ NZ$45,000 ខណៈតម្លៃរស់នៅក្នុងនូវែលហ្សេឡង់ ត្រូវបានប៉ាន់ប្រមាណប្រហែល NZ$15,000 ដល់ NZ$25,000 ក្នុងមួយឆ្នាំ អាស្រ័យលើរបៀបរស់នៅ និងទីតាំងរបស់អ្នក។

តើខ្ញុំអាចធ្វើការពេលកំពុងសិក្សានៅនូវែលហ្សេឡង់បានទេ?

បាន។ និស្សិតអន្តរជាតិដែលសិក្សានៅនូវែលហ្សេឡង់ក្រោម Fee Paying Student Visa ជាទូទៅត្រូវបានអនុញ្ញាតឱ្យធ្វើការរហូតដល់ 20 ម៉ោងក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលសិក្សា និងធ្វើការពេញម៉ោងក្នុងអំឡុងពេលវិស្សមកាលដែលបានកំណត់ អាស្រ័យលើលក្ខខណ្ឌវីសារបស់ពួកគេ។

តើមានសេវាគាំទ្រសម្រាប់និស្សិតអន្តរជាតិនៅនូវែលហ្សេឡង់ទេ?

មាន។ ស្ថាប័នទាំងអស់ដែលត្រូវបានអនុម័តដោយ NZQA ត្រូវបានតម្រូវឱ្យផ្តល់ការថែទាំ និងការគាំទ្រយ៉ាងទូលំទូលាយ រួមមានកម្មវិធីណែនាំដំបូង ការប្រឹក្សាផ្នែកសិក្សា ជំនួយស្វែងរកកន្លែងស្នាក់នៅ និងសេវាសុខភាព និងប្រឹក្សាយោបល់សម្រាប់និស្សិតអន្តរជាតិ។

IDP អាចជួយអ្នកបាន

បញ្ចូលព័ត៌មានរបស់អ្នក ហើយអ្នកប្រឹក្សាជំនាញរបស់យើងម្នាក់នឹងទាក់ទងអ្នក ដើម្បីជួយភ្ជាប់អ្នកទៅកាន់មុខវិជ្ជា ប្រទេស សាកលវិទ្យាល័យ និងសូម្បីតែអាហារូបករណ៍ដែលសមស្របបំផុតសម្រាប់អ្នក!