Published: 20th July 2026

ទិដ្ឋភាពទូទៅ

ចក្រភពអង់គ្លេស (UK) គឺជាគោលដៅសិក្សានៅបរទេសដ៏ពេញនិយមមួយ ដែលទាក់ទាញនិស្សិតអន្តរជាតិជាង 732,000 នាក់ជារៀងរាល់ឆ្នាំ។

ប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ទទួលស្គាល់ជាសកល និងស្ថាប័នសិក្សាមានប្រវត្តិយូរអង្វែងរបស់ខ្លួន គ្របដណ្ដប់លើកម្មវិធីបរិញ្ញាបត្រជាង 50,000 វគ្គ ស្ទើរតែគ្រប់មុខវិជ្ជា និងគ្រប់ជំនាញដែលអ្នកអាចនឹកស្មានដល់ ដោយផ្តល់ផ្លូវជាច្រើនឆ្ពោះទៅកាន់អាជីពក្នុងក្តីស្រមៃរបស់អ្នក ឬការសិក្សាបន្តកម្រិតខ្ពស់ជាងនេះ។

ចក្រភពអង់គ្លេសមានសាកលវិទ្យាល័យជាង 160 នៅទូទាំងទីក្រុងដែលមានភាពរស់រវើក ហើយមានស្ថាប័នចំនួន 17 ជាប់ក្នុងចំណាត់ថ្នាក់កំពូល 100 នៃ QS World University Rankings សម្រាប់ឆ្នាំ 2025 ដែលក្នុងនោះ 12 ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល 20។

ហេតុអ្វីគួរសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស?

ការជ្រើសរើសបន្តសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលនិស្សិតកម្ពុជាអាចធ្វើបានដើម្បីអនាគតរបស់ខ្លួន។ អត្ថប្រយោជន៍នៃការសិក្សានៅទីនេះ គ្របដណ្ដប់ទាំងការអភិវឌ្ឍផ្នែកសិក្សា អាជីព និងការអភិវឌ្ឍផ្ទាល់ខ្លួន ដោយមិនត្រឹមតែបង្កើនបទពិសោធន៍សិក្សាបច្ចុប្បន្នរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងផ្លូវអាជីពការងារក្នុងរយៈពេលវែងរបស់អ្នកផងដែរ។

ខាងក្រោមនេះគឺជាមូលហេតុសំខាន់ 4 យ៉ាង ដែលអ្នកគួរតែសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស៖

ការអប់រំកម្រិតពិភពលោក

ប្រព័ន្ធសិក្សារបស់ចក្រភពអង់គ្លេសល្បីល្បាញដោយសារការផ្តោតលើការគិតវិភាគ ការសិក្សាដោយឯករាជ្យ និងការបង្រៀនផ្អែកលើការស្រាវជ្រាវ។វាមិនគួរឱ្យភ្ញាក់ផ្អើលឡើយដែលទីនេះជាទីកន្លែងនៃកម្មវិធីសិក្សាបរិញ្ញាបត្រល្អបំផុតមួយចំនួន និងសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតនៅលើពិភពលោក រួមមាន Oxford, Cambridge, Imperial College London និង University College London (UCL)។ សញ្ញាបត្រពីស្ថាប័នទាំងនេះបង្ហាញពីគុណភាព ភាពតឹងរឹង និងឧត្តមភាព ហើយជាគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ និង ឱ្យម្លៃខ្ពស់ពីនិយោជក និងស្ថាប័នអប់រំទូទាំងពិភពលោក។

រយៈពេលសិក្សាខ្លីជាង

ថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេសជាទូទៅអាចបញ្ចប់បានក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ (ក្រៅពីស្កុតឡែន)។ រចនាសម្ព័ន្ធវគ្គសិក្សាបរិញ្ញាបត្រដែលមានប្រសិទ្ធភាពនេះ មានន័យថា អ្នកអាចចូលទីផ្សារការងារ ឬបន្តការសិក្សាកម្រិតខ្ពស់បានលឿនជាងនិស្សិតបញ្ចប់ការសិក្សាពីប្រទេសជាច្រើនផ្សេងទៀត ដែលជួយឱ្យប្រវត្តិរូបការងាររបស់អ្នកមានភាពលេចធ្លោ។ ម៉ូដែលនេះក៏អនុញ្ញាតឱ្យអ្នកកាត់បន្ថយតម្លៃសិក្សា និងតម្លៃរស់នៅពេលកំពុងសិក្សាផងដែរ។

បរិយាកាសពហុវប្បធម៌

ចក្រភពអង់គ្លេសមានភាពចម្រុះខ្ពស់ទាំងវប្បធម៌ ភាសា និងជំនឿសាសនា ព្រមទាំងមានប្រវត្តិសាស្ត្រយូរ និងគួរឱ្យចាប់អារម្មណ៍ ដែលផ្តល់ឱកាសរៀនសូត្រមិនចេះចប់។ សាកលវិទ្យាល័យមានក្លឹប និងសមាគមជាច្រើនសម្រាប់និស្សិត ដែលធានាបាននូវជីវិតសង្គមដ៏រស់រវើក និងបរិយាកាសស្វាគមន៍ ដែលអ្នកអាចសិក្សារួមជាមួយមិត្តរួមថ្នាក់ពីស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោក។ និស្សិតអន្តរជាតិនៅទីក្រុងនិស្សិតពេញនិយម ក៏អាចរីករាយជាមួយម្ហូបអាហារ និងសកម្មភាពវប្បធម៌ចម្រុះជាច្រើននៅជុំវិញខ្លួន រួមទាំងរសជាតិ និងបទពិសោធន៍ដែលស្គាល់ពីប្រទេសកំណើតរបស់ខ្លួនផងដែរ។

ឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា

ចក្រភពអង់គ្លេសផ្តល់ជម្រើសវីសាការងារបន្ទាប់ពីសិក្សាដែលទាក់ទាញមួយហៅថា Graduate Route។ វាអនុញ្ញាតឱ្យនិស្សិតបញ្ចប់កម្មវិធីបរិញ្ញាបត្រស្នាក់នៅក្នុងចក្រភពអង់គ្លេសរយៈពេល 2 ឆ្នាំ (3 ឆ្នាំសម្រាប់និស្សិតបណ្ឌិត) ដើម្បីធ្វើការ ឬស្វែងរកការងារ ក្នុងវិស័យណាមួយ និងគ្រប់កម្រិតជំនាញ ដោយមិនចាំបាច់ត្រូវការការធានាពីនិយោជកឡើយ។ Graduate Route ផ្តល់ពេលវេលាសំខាន់ដើម្បីទទួលបានបទពិសោធន៍អន្តរជាតិដ៏មានតម្លៃ និងស្វែងរកផ្លូវអាជីពរយៈពេលវែង។

សាកលវិទ្យាល័យល្អបំផុតនៅចក្រភពអង់គ្លេស

កម្មវិធីបរិញ្ញាបត្រល្អបំផុតនៅចក្រភពអង់គ្លេសស្ថិតនៅក្នុងស្ថាប័នកំពូលដែលតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យឈានមុខគេលើពិភពលោក។ ការសិក្សាសញ្ញាបត្រមួយក្នុងចំណោមកម្មវិធីទាំងនេះ ត្រូវការការថ្លឹងថ្លែងរវាងកិត្យានុភាពរបស់ស្ថាប័ន និងចំណាប់អារម្មណ៍ជាក់លាក់របស់អ្នកលើមុខវិជ្ជា ហើយវានឹងផ្តល់ជូនអ្នកនូវឱកាសជាច្រើនសម្រាប់ការបង្កើតបណ្តាញ និងទំនាក់ទំនងក្នុងវិស័យជំនាញរបស់អ្នក។

ខាងក្រោមនេះគឺជាសាកលវិទ្យាល័យកំពូល 5 នៅចក្រភពអង់គ្លេសសម្រាប់ថ្នាក់បរិញ្ញាបត្រ យោងតាម QS World University Rankings 2026

Imperial College London (QS 2026 #2)

Imperial College London ជាប់ចំណាត់ថ្នាក់ជាស្ថាប័នល្អបំផុតមួយសម្រាប់ការសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស ដោយផ្តោតតែទៅលើផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម វេជ្ជសាស្ត្រ និងធុរកិច្ច។ ស្ថាប័ននេះក៏លេចធ្លោខាងការច្នៃប្រឌិត និងការស្រាវជ្រាវ ដោយផ្តល់បទពិសោធន៍ បរិញ្ញាបត្រកម្រិតពិភពលោកសម្រាប់វិស័យ STEM ជាក់លាក់។

University of Oxford (QS 2026 #4)

ជាសាកលវិទ្យាល័យចំណាស់ និងមានកិត្យានុភាពបំផុតមួយនៅលើពិភពលោក University of Oxford ត្រូវបានគេចាត់ទុក ថាជាស្ថាប័នល្អបំផុតមួយសម្រាប់និស្សិតទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅចក្រភពអង់គ្លេស។ កម្មវិធីសិក្សាជួយបណ្តុះ ការវិភាគយ៉ាងស៊ីជម្រៅ ហើយនិស្សិតបញ្ចប់ការសិក្សាមានភាពលេចធ្លោស្ទើរតែគ្រប់វិស័យ ជាពិសេសផ្នែកមនុស្សសាស្ត្រ សង្គមវិទ្យា និងវេជ្ជសាស្ត្រ។

University of Cambridge (QS 2026 #6)

University of Cambridge តែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមស្ថាប័នកំពូលលើពិភពលោកជាមួយ Oxford។ ដូច Oxford ដែរ University of Cambridge ផ្តល់ប្រព័ន្ធសាកលវិទ្យាល័យបែប មហាវិទ្យាល័យ ដែលជួយលើកកម្ពស់ការសហការផ្នែកបញ្ញា និងជីវិតនិស្សិតនៅក្នុងបរិវេណរស់នៅដ៏រីកចម្រើន។ កម្មវិធីលេចធ្លោនៅ Cambridge រួមមានផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា និងសិល្បៈ។

University College London (UCL) (QS 2026 #9)

UCL ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា “សាកលវិទ្យាល័យសកល” របស់ទីក្រុងឡុងដ៍ ដោយមានចំណាត់ថ្នាក់កម្មវិធីសិក្សាខ្ពស់ និងឥទ្ធិពលច្បាស់លាស់ក្នុងការស្រាវជ្រាវ និងជីវិតទីក្រុង។ ស្ថាប័នមានភាពលេចធ្លោក្នុងវិស័យដូចជា Architecture, Education និង Engineering ដោយផ្តោតលើការស្រាវជ្រាវឈានមុខ និងឥទ្ធិពលសង្គម។

King's College London (QS 2026 #31)

King's College London ផ្តល់បទពិសោធន៍សិក្សាបរិញ្ញាបត្រដ៏អស្ចារ្យនៅចក្រភពអង់គ្លេស ក្នុងបរិយាកាសទីក្រុងចម្រុះវប្បធម៌ តាមរយៈបរិវេណស្ថាប័នទាំង 5 របស់ខ្លួននៅកណ្តាលទីក្រុងឡុងដ៍ ជាពិសេសក្នុងវិស័យច្បាប់ ទន្តសាស្ត្រ វេជ្ជសាស្ត្រ និងសង្គមវិទ្យា។ ស្ថាប័នត្រូវបានចាត់ទុកថាជាសាកលវិទ្យាល័យកំពូលទាំង15 សម្រាប់និយោជកនៅចក្រភពអង់គ្លេស ដែលធ្វើឱ្យវាក្លាយ ជាជំហានចាប់ផ្តើមដ៏ល្អសម្រាប់អាជីពរបស់អ្នក។

តំបន់ពេញនិយមសម្រាប់និស្សិតនៅចក្រភពអង់គ្លេស

នៅពេលអ្នកមានគម្រោងសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស ការជ្រើសរើសទីក្រុងមានសារៈសំខាន់ស្ទើរតែស្មើនឹងការជ្រើសរើសសាកលវិទ្យាល័យ ឬកម្មវិធីសិក្សារបស់អ្នក។ ទីក្រុងពេញនិយមសម្រាប់និស្សិតអន្តរជាតិរួមមាន៖

  • London រដ្ឋធានីដ៏រស់រវើក ពហុវប្បធម៌ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

  • Manchester មជ្ឈមណ្ឌលវប្បធម៌ និងឧស្សាហកម្មដ៏សកម្ម ដែលល្បីខាងតន្ត្រី និងតម្លៃរស់នៅសមរម្យ

  • Edinburgh រដ្ឋធានីប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតនៃស្កុតឡែន

  • Glasgow ទីក្រុងរួសរាយរាក់ទាក់ ពោរពេញដោយថាមពល និងល្បីខាងសិល្បៈ និងវប្បធម៌

ទីក្រុងនីមួយៗផ្តល់បទពិសោធន៍ជីវិតនិស្សិតខុសៗគ្នា និងឱកាសការងារ

បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងការចូលដំណើរការទៅកាន់ស្ថាប័នអប់រំដែលមានកេរ្តិ៍ឈ្មោះ។

លក្ខខណ្ឌចូលរៀន និងតម្រូវការចូលរៀន

ដំណើរការដាក់ពាក្យសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេសសម្រាប់និស្សិតកម្ពុជា ត្រូវការការរៀបចំយ៉ាងម៉ត់ចត់ ជាពិសេសពាក់ព័ន្ធនឹងឯកសារ និងពេលវេលាដាក់ពាក្យ។ IDP អាចផ្តល់ការជួយ និងការណែនាំជូនអ្នកពេញមួយដំណើរការដាក់ពាក្យ។

លក្ខខណ្ឌភាសា

និស្សិតអន្តរជាតិត្រូវបង្ហាញសមត្ថភាពភាសាអង់គ្លេស ដើម្បីមានសិទ្ធិសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស។ សាកលវិទ្យាល័យភាគច្រើនទទួលយកតេស្តវាស់សមត្ថភាពភាសាអង់គ្លេសដូចខាងក្រោម៖

  • IELTS Academic

  • TOEFL iBT

  • Pearson PTE Academic

  • Cambridge English (CAE or CPE)

ពិន្ទុអប្បបរមានៃសមត្ថភាពភាសាអង់គ្លេសដែលត្រូវការ មានភាពខុសគ្នាតាមស្ថាប័ន។ សូមពិនិត្យគោលការណ៍របស់ស្ថាប័នដែលអ្នកចង់ដាក់ពាក្យ សម្រាប់ព័ត៌មានថ្មីៗជានិច្ច។

បេក្ខជនខ្លះអាចត្រូវបានលើកលែងពីតម្រូវការតេស្តភាសាអង់គ្លេស ប្រសិនបើពួកគេបានបញ្ចប់ការសិក្សាដែលសមមូលនឹងសញ្ញាបត្រនៅចក្រភពអង់គ្លេសដែលបង្រៀនជាភាសាអង់គ្លេស ឬប្រសិនបើពួកគេទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់លើមុខវិជ្ជាភាសាអង់គ្លេសក្នុងគុណវុឌ្ឍិអន្តរជាតិដែលត្រូវបានទទួលស្គាល់ (ឧទាហរណ៍ Cambridge A-Levels ឬ IB)។ ទោះយ៉ាងណា ប្រសិនបើអ្នកត្រូវការពិន្ទុសមត្ថភាពភាសាអង់គ្លេស អ្នកអាចកក់ការប្រឡង IELTS ជាមួយ IDP ហើយចាប់ផ្តើមដំណើរសិក្សានៅបរទេសរបស់អ្នកបានភ្លាមៗ។

ឯកសារសំខាន់សម្រាប់ការដាក់ពាក្យ

និស្សិតកម្ពុជាជាទូទៅត្រូវការឯកសារខាងក្រោមសម្រាប់ការដាក់ពាក្យបរិញ្ញាបត្រនៅចក្រភពអង់គ្លេស៖

  • លិខិតបញ្ជាក់ពិន្ទុសិក្សា និង/ឬភស្តុតាងនៃគុណវុឌ្ឍិមុនៗ (ឧទាហរណ៍ A-Levels, IB, High School Diploma)

  • ភស្តុតាងនៃសមត្ថភាពភាសាអង់គ្លេស (ឧទាហរណ៍ របាយការណ៍ពិន្ទុ IELTS ដែលមានសុពលភាព ឬសមមូល)

  • ច្បាប់ចម្លងលិខិតឆ្លងដែនដែលមានសុពលភាព

  • Personal statement ដែលពន្យល់ពីមូលហេតុ ចំណាប់អារម្មណ៍ ភាពសមស្រប និងគោលបំណងអាជីពរបស់អ្នក

  • លិខិតយោង ឬលិខិតណែនាំ (ប្រសិនបើសាកលវិទ្យាល័យស្នើសុំ)

ការណែនាំដាក់ពាក្យជាជំហានៗ

សាកលវិទ្យាល័យនៅចក្រភពអង់គ្លេសជាទូទៅមានវគ្គចូលរៀនសំខាន់ៗ 3 ពេលគឺ ខែមករា ខែមីនា និងខែកញ្ញា។ សូមពិនិត្យជានិច្ចជាមួយស្ថាប័នដែលអ្នកចង់ដាក់ពាក្យ សម្រាប់ថ្ងៃផុតកំណត់ និងពេលវេលាដាក់ពាក្យជាក់លាក់របស់ស្ថាប័ន

ការដាក់ពាក្យសម្រាប់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស ត្រូវធ្វើតាមរយៈប្រព័ន្ធកណ្ដាលមួយគឺ Universities and Colleges Admissions Service (UCAS)។ អ្នកអាចដាក់ពាក្យបានគ្រប់ពេល នៅពេលប្រព័ន្ធ UCAS បើក ប៉ុន្តែសូមពិនិត្យថាសាកលវិទ្យាល័យដែលអ្នកចង់ដាក់ពាក្យមានថ្ងៃផុតកំណត់ឬអត់។ ពាក្យស្នើសុំដែលដាក់បន្ទាប់ពីថ្ងៃផុតកំណត់ អាចត្រូវបានចាត់ទុកថាយឺត ឬអាចមិនមានកន្លែងទំនេរនៅក្នុងកម្មវិធីសិក្សាដែលអ្នកចង់រៀនទៀតទេ។

មុនពេលដាក់ពាក្យតាម UCAS សូមប្រាកដថាអ្នកបានធ្វើដូចខាងក្រោម៖

  • ស្រាវជ្រាវ និងជ្រើសរើសកម្មវិធីបរិញ្ញាបត្រល្អបំផុតដែលស្របទៅនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់អ្នក

  • ពិនិត្យលក្ខខណ្ឌចូលរៀនជាក់លាក់ជាមួយសាកលវិទ្យាល័យដែលអ្នកចង់ដាក់ពាក្យ

  • ប្រមូលឯកសារ និងលិខិតបញ្ជាក់ពិន្ទុទាំងអស់ដែលត្រូវការ និងរៀបចំ personal statement របស់អ្នក

  • ដាក់ពាក្យតាម UCAS portal ដែលជាទូទៅស្ថិតនៅចន្លោះខែកញ្ញា និងខែមករា (ចំណាំ: ថ្ងៃផុតកំណត់សម្រាប់ Oxford/Cambridge និងកម្មវិធី Medicine ជាទូទៅមុនជាងនេះ គឺនៅខែតុលា)

អ្នកនឹងទទួលបានការផ្តល់ជូន(Offer)ពីសាកលវិទ្យាល័យតាមរយៈ UCAS portal។ នៅពេលនោះ អ្នកត្រូវជ្រើសរើស Firm (ជម្រើសទីមួយ) និង Insurance (ជម្រើសបម្រុង) របស់អ្នក។ ប្រសិនបើអ្នកមិនទាន់ទទួលបានការផ្តល់ជូនដែលអ្នកពេញចិត្ត អ្នកអាចជ្រើសរើសដំណើរការ UCAS Clearing

បន្ទាប់ពីការផ្តល់ជូនពីសាកលវិទ្យាល័យរបស់អ្នកត្រូវបានបញ្ជាក់រួច អ្នកអាចបន្តដាក់ពាក្យសុំវីសានិស្សិត និងស្វែងរកកន្លែងស្នាក់នៅក្នុងទីក្រុងដែលអ្នកចង់ទៅសិក្សា។

តម្លៃសិក្សា និងជម្រើសហិរញ្ញវត្ថុសម្រាប់ថ្នាក់បរិញ្ញាបត្រ

តម្លៃសិក្សាជាមធ្យមប្រចាំឆ្នាំ

តម្លៃសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស ប្រែប្រួលអាស្រ័យលើសាកលវិទ្យាល័យ និងមុខវិជ្ជា (កម្មវិធីដែលត្រូវប្រើមន្ទីរពិសោធន៍ជាញឹកញាប់ មានតម្លៃខ្ពស់ជាង)។ ជួរតម្លៃសិក្សាទូទៅនៅចក្រភពអង់គ្លេសសម្រាប់និស្សិតអន្តរជាតិ គឺចន្លោះពី £10,000 ដល់ £38,000 ក្នុងមួយឆ្នាំ។ សម្រាប់ស្ថាប័នចំណាត់ថ្នាក់ខ្ពស់ដូចជា Imperial ឬ Oxford ឬកម្មវិធីជំនាញពិសេសដូចជា Medicine និង Engineering តម្លៃទាំងនេះអាចស្ថិតនៅផ្នែកខ្ពស់នៃជួរតម្លៃ។

អាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុ

ទោះបីជាការផ្គត់ផ្គង់ថវិកាសម្រាប់ការសិក្សាបរិញ្ញាបត្ររបស់អ្នកត្រូវការការរៀបចំក៏ដោយ ក៏មានអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុជាច្រើនដែលអ្នកអាចរកបានផងដែរ។

  • អាហារូបករណ៍រដ្ឋាភិបាល: រដ្ឋាភិបាលចក្រភពអង់គ្លេសផ្តល់កម្មវិធីជាច្រើន ដើម្បីទាក់ទាញនិស្សិតអន្តរជាតិដែលមានសមត្ថភាពខ្ពស់។ កម្មវិធីទាំងនេះរួមមាន British Chevening Scholarships for International Students ដែលទទួលថវិកាពី Foreign and Commonwealth Office។ ទោះបីជា Chevening Scholarships ផ្តោតជាចម្បងលើនិស្សិតក្រោយឧត្តមសិក្សាក៏ដោយ ក៏វាសំខាន់ក្នុងការពិចារណាសម្រាប់ជំហានបន្ទាប់នៃដំណើរសិក្សារួមរបស់អ្នក។

  • កម្មវិធីសាកលវិទ្យាល័យ: សាកលវិទ្យាល័យជាច្រើននៅចក្រភពអង់គ្លេសផ្តល់អាហារូបករណ៍ ឬជំនួយថវិកាជាពិសេសសម្រាប់និស្សិតអន្តរជាតិដែលមានសមត្ថភាពខ្ពស់។ វាអាចផ្អែកលើសមត្ថភាពសិក្សា ឬផ្អែកលើមុខវិជ្ជាជាក់លាក់។

  • ប្រភពខាងក្រៅ: សូមស្វែងយល់អំពីអាហារូបករណ៍ពីរដ្ឋាភិបាលប្រទេសរបស់អ្នក មូលនិធិឯកជន និងជំនួយថវិកាពីអង្គការផ្សេងៗ ជាជម្រើសផ្សេងទៀតសម្រាប់ថវិកាសិក្សា។

ស្វែងយល់បន្ថែមអំពីអាហារូបករណ៍សម្រាប់សិក្សានៅចក្រភពអង់គ្លេស។ សម្រាប់ជម្រើសអាហារូបករណ៍បន្ថែម យើងក៏បានផ្តល់មគ្គុទេសក៍ពេញលេញអំពីអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុសម្រាប់អ្នកផងដែរ។

ទិដ្ឋាការនិស្សិតសម្រាប់ចក្រភពអង់គ្លេស

របៀបទទួលបាន Student visa នៅចក្រភពអង់គ្លេស

ដើម្បីសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស អ្នកនឹងត្រូវការ Student visa (ពីមុនហៅថា Tier 4 (General))។ តម្រូវការសំខាន់គឺ Confirmation of Acceptance for Studies (CAS) ពីសាកលវិទ្យាល័យនៅចក្រភពអង់គ្លេសរបស់អ្នក ដែលបង្ហាញថាអ្នកបានទទួលការផ្តល់ជូនដោយគ្មានលក្ខខណ្ឌ។ អ្នកក៏ត្រូវបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ (បង្ហាញថាអ្នកមានថវិកាគ្រប់គ្រាន់សម្រាប់តម្លៃសិក្សា និងតម្លៃរស់នៅ) និងបំពេញលក្ខខណ្ឌភាសាអង់គ្លេសផងដែរ។ ជាទូទៅ ការដាក់ពាក្យត្រូវបានដំណើរការជាច្រើនខែមុនថ្ងៃចាប់ផ្តើមវគ្គសិក្សារបស់អ្នក។ ស្វែងយល់បន្ថែមអំពីលក្ខខណ្ឌវីសានិស្សិតចក្រភពអង់គ្លេស

អ្វីដែលអ្នកអាចធ្វើបានជាមួយ Student visa

Student visa ផ្តល់សិទ្ធិជាច្រើនដល់និស្សិតអន្តរជាតិនៅចក្រភពអង់គ្លេស រួមទាំងសិទ្ធិក្នុងការធ្វើការពេលម៉ោងនៅពេលកំពុងសិក្សាផងដែរ។ និស្សិតកម្រិតបរិញ្ញាបត្រ (ឬខ្ពស់ជាងនេះ) អាចធ្វើការបានរហូតដល់ 20 ម៉ោងក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលសិក្សា និងធ្វើការពេញម៉ោងក្នុងអំឡុងពេលវិស្សមកាលផ្លូវការ។ អ្នកមិនត្រូវធ្វើការជាអ្នកប្រកបរបរផ្ទាល់ខ្លួន ឬកាន់មុខតំណែងអចិន្ត្រៃយ៍ពេញម៉ោង ខណៈកាន់វីសាប្រភេទនេះឡើយ។ សិទ្ធិធ្វើការនេះមានសារៈសំខាន់ក្នុងការជួយអ្នកគ្រប់គ្រងតម្លៃរស់នៅរបស់និស្សិត និងទទួលបានបទពិសោធន៍ការងារដំបូង។

ការងារបន្ទាប់ពីបញ្ចប់ការសិក្សា និងផ្លូវអន្តោប្រវេសន៍

វីសា Graduate Route របស់ចក្រភពអង់គ្លេស អនុញ្ញាតឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សាអាច ស្នាក់នៅក្នុងចក្រភពអង់គ្លេសរយៈពេល 2 ឆ្នាំ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ ដើម្បីធ្វើការ ឬស្វែងរកការងារ។ វីសានេះមិនត្រូវការការធានាពីនិយោជកទេ មានន័យថា អ្នកមិនចាំបាច់ត្រូវការការងារជាមុនដើម្បីដាក់ពាក្យ ហើយអាចធ្វើការក្នុងវិស័យណាមួយ ឬកម្រិតណាមួយក៏បាន។ វាផ្តល់ផ្លូវច្បាស់លាស់រយៈពេល 2 ឆ្នាំ ដើម្បីទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃ អាចដាក់ពាក្យសម្រាប់កម្មវិធីសិក្សាកម្រិតខ្ពស់ ឬទទួលបានតួនាទីអចិន្ត្រៃយ៍ដែលអាចធានាអ្នកសម្រាប់វីសា Skilled Worker រយៈពេលវែង។ វាជាជំហានយុទ្ធសាស្ត្រសំខាន់សម្រាប់ការកសាងអាជីពរយៈពេលវែង ជាពិសេសប្រសិនបើអ្នកចង់អន្តោប្រវេសន៍ទៅរស់នៅចក្រភពអង់គ្លេសជាអចិន្ត្រៃយ៍ ឬស្វែងរកឱកាសផ្សេងទៀតនៅក្រៅប្រទេស។

យើងរួចរាល់នៅពេលអ្នករួចរាល់។ និយាយជាមួយយើង ហើយយើងនឹងជួយអ្នកស្វែងរកជម្រើសដែលសមស្របបំផុតសម្រាប់អ្នក។

សំណួរដែលគេសួរញឹកញាប់អំពីការសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេស

សញ្ញាបត្របរិញ្ញាបត្រពីចក្រភពអង់គ្លេសត្រូវបានទទួលស្គាល់យ៉ាងដូចម្តេច?

សញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស ជាទូទៅត្រូវបានទទួលស្គាល់ជាសកល ដោយសារតែស្តង់ដារសិក្សាខ្ពស់ និងការធានាគុណភាពរឹងមាំ។ នេះអាចផ្តល់អត្ថប្រយោជន៍ដល់និស្សិតបញ្ចប់ការសិក្សា នៅក្នុងទីផ្សារការងារអន្តរជាតិ។

តើតម្លៃសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេសប៉ុន្មាន?

តម្លៃសិក្សាជាមធ្យមប្រចាំឆ្នាំសម្រាប់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស ជាទូទៅស្ថិតនៅចន្លោះ £10,000 ដល់ £38,000 ក្នុងមួយឆ្នាំ ដោយប្រែប្រួលតាមកម្មវិធីសិក្សា និងស្ថាប័ន។ មុខវិជ្ជាជំនាញជាក់លាក់ដូចជា Medicine ឬ Engineering អាចមានតម្លៃសិក្សាខ្ពស់ជាង ដោយ Medicine អាចមានតម្លៃប្រហែល £20,000 ដល់ £50,000 ក្នុងមួយឆ្នាំ ហើយ Engineering ប្រហែល £15,000 ដល់ £35,000 ក្នុងមួយឆ្នាំ។ នេះមិនទាន់រាប់បញ្ចូលតម្លៃរស់នៅក្នុងចក្រភពអង់គ្លេស ដែលប្រែប្រួលតាមទីក្រុងនោះទេ។

តើខ្ញុំអាចធ្វើការក្នុងពេលកំពុងសិក្សាបរិញ្ញាបត្រនៅចក្រភពអង់គ្លេសបានទេ?

បាន, និស្សិតអន្តរជាតិភាគច្រើនដែលកំពុងសិក្សាបរិញ្ញាបត្រ ដោយកាន់ Student visa ត្រឹមត្រូវនៅចក្រភពអង់គ្លេស អាចធ្វើការបានរហូតដល់ 20 ម៉ោងក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលសិក្សា និងធ្វើការពេញម៉ោងក្នុងអំឡុងពេលវិស្សមកាលផ្លូវការរបស់សាកលវិទ្យាល័យ។

តើមានសេវាគាំទ្រសម្រាប់និស្សិតអន្តរជាតិកម្រិតបរិញ្ញាបត្រនៅចក្រភពអង់គ្លេសទេ?

មាន, សាកលវិទ្យាល័យទាំងអស់នៅចក្រភពអង់គ្លេសមានការិយាល័យសម្រាប់និស្សិតអន្តរជាតិដោយឡែក។ ការិយាល័យទាំងនេះផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់និស្សិតបរិញ្ញាបត្រ អនុបណ្ឌិត ក្រោយឧត្តមសិក្សា និងបណ្ឌិត រួមទាំងការណែនាំផ្នែកសុខុមាលភាព កម្មវិធីតម្រង់ទិស និងសិក្ខាសាលាជំនាញសិក្សា។